សេចក្តីសម្រេចទាំងនេះ បានធ្វើឡើងដោយគ.ជ.ប រាជធានីភ្នំពេញ និងគ.ជ.ប ខេត្តប៉ៃលិន ក្នុងសេចក្តីសម្រេចចំនួន ៧ផ្សេងគ្នា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
សេចក្តីសម្រេច បង្ហាញថា ពិន័យជាប្រាក់ចំនួន ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ សម រង្ស៊ី ភេទ ប្រុស កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ព្រមទាំងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់ឈ្មោះសមរង្ស៊ី រយៈពេល ២៥ឆ្នាំ។
ចំណែកអ្នកនយោបាយ ១៦នាក់ផ្សេងទៀត ដែលជាអ្នកស្និទ្ធិនឹងលោកសមរង្ស៊ី ដូចជា លោកស្រី មូរ សុខហួ លោកអេងឆៃអ៊ាង និងលោកឡុងរី ជាដើម ក៏ត្រូវបានគ.ជ.ប រាជធានីភ្នំពេញ បានសម្រេចផាកពិន័យជាប្រាក់ពី ១០ ទៅ ២០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ពី ២០-២៥ឆ្នាំ ដោយសារតែបានធ្វើសកម្មភាព ណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។
ដោយឡែក នៅខេត្តប៉ៃលិន គណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក៏បានសម្រេចផាកពិន័យ ១៥លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ចំនួន ១០ឆ្នាំ លើឈ្មោះ ខឹម មុនីកុសល ជាប្រធានគណបក្សភ្លើងទៀន ខេត្តប៉ៃលិន។ ចំណែកម្នាក់ទៀត ឈ្មោះ ស៊ុន សុភា ត្រូវបានគ.ជ.ប ខេត្តប៉ៃលិន ផាកពិន័យ ១០លានរៀល លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ចំនួន ១០ឆ្នាំ។ អ្នកទាំងពីរ ត្រូវបានរកឃើញថា បានធ្វើសកម្មភាពញុះញង់អ្នកបោះឆ្នោតបំផ្លាញ និងធ្វើឱ្យខូចសន្លឹកឆ្នោត។
យ៉ាងណាក៏ដោយ សេចក្តីសម្រេចទាំងនេះ បានបើកផ្លូវឱ្យចុងចោទ រួមមាន លោក សម រង្ស៊ី និងបក្ខពួក ១៨នាក់ទៀត ប្តឹងជំទាស់ ទៅកាន់គ.ជ.ប តាមទម្រង់ច្បាប់ផងដែរ។
ពាក់ព័ន្ធនឹងការណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ជាការបង្កចលាចលដល់ការបោះឆ្នោតនៅកម្ពុជា ពេលនេះ គឺកាលពីថ្ងៃទី១៧កក្កដា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ២នាក់ទៀត ត្រូវបានចាប់ខ្លួន តាមដីការបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ។
ជាសរុប គិតពីថ្ងៃទី១៤កក្កដា មកដល់ថ្ងៃទី១៧ ខែកក្កដា មានថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ៤នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន នៅពន្ធនាគារ។
កាលពីថ្ងៃទី១៦ ខែកក្កដា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ម្នាក់នៅរាជធានីភ្នំពេញ ដែលត្រូវបានចាប់ឃុំខ្លួន ឈ្មោះ ប៊ុន ខេត បានឆ្លើយសារភាពតាមខ្លីបវិដេអូខ្លីមួយថា ខ្លួនបានធ្វើតាមការណែនាំរបស់លោកសមរង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស ដើម្បីប្រាប់ឱ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ដោយគូសសន្លឹកឆ្នោតខ្វែងចោល។
ប៉ុន្តែគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍បដិសេធន៍ និងសម្តែងការភ្ញាក់ផ្អើល ចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំកណ្តាលគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ៕