ព្រះសពរបស់សម្តេចព្រះសង្ឃរាជ ទេព វង្ស តម្កល់ធ្វើបុណ្យរហូតដល់ថ្ងៃទី៣ ខែមីនា

Funeral.jpg

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចូលគោរពព្រះសពរបស់សម្តេចព្រះសង្ឃរាជ ទេព វង្ស

សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បានសុគត កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្ម ៩៣វស្សា ដោយរោគាពាធ។ ព្រះសពរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ធ្វើបុណ្យ នៅវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។


ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការកកស្ទះចរាចរ ក្នុងព្រះរាជពិធីបុណ្យព្រះសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស អាជ្ញាធររាជធានីភ្នំពេញ បានបិទផ្លូវ និងបញ្ចៀសចរាចរជាបណ្តោះអាសន្ននូវយានយន្តគ្រប់ប្រភេទ ជុំវិញវត្តឧណ្ណាលោម ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈនេះ រហូតដល់ចប់ពិធីបុណ្យ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។

ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសព សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស រាជរដ្ឋាភិបាលបានប្រកាសយកថ្ងៃទី២៧ កុម្ភៈ ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ។ រាជរដ្ឋាភិបាល បានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពិសេសគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមរម្លឹកថា បន្ទាប់ពីសម្តេចព្រះសង្ឃរាជ ទេព វង្ស បានសុគត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ចាយ បូរិន បានចេញលិខិត សម្រេចប្រគល់ភារកិច្ច ប្រគេនសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ជាសម្តេចព្រះមហាសង្ឃរាជស្តីទី។ រីឯសម្តេចព្រះសង្ឃនាយករងទី១ អំ លីមហេង ត្រូវបានតែងតាំង ជាសម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយ។

ក្នុងព្រះពុទ្ធសាសនា នៅកម្ពុជា គឺមានសម្តេចព្រះសង្ឃរាជ ២ព្រះអង្គ។ សម្តេច ទេព វង្ស ជាសម្តេចព្រះសង្ឃរាជ គណៈមហានិកាយ។ រីឯសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី ជាសម្តេចព្រះសង្ឃរាជ ផ្នែកធម្មយុត្តិ៕


Share