គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា

Cambodia General Election 2023.jpg

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១ ខែសីហា គ.ជ.ប បានប្រកាសផ្សាយនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ លទ្ធផលបណ្តោះអាសន្ននេះ បានបង្ហាញថា ក្នុងចំណោមគណបក្សនយោបាយទាំង ១៨ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅកម្ពុជា ពេលនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតច្រើនជាងគេ ហើយបន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិច។


លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ត្រូវបានគ.ជ.ប ប្រកាសថា ក្នុងចំណោមគណបក្សនយោបាយ១៨ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតជាង ៦លានសំឡេង ច្រើនជាងគេ បន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងឆ្នោតជាង ៧០ម៉ឺនសំឡេង។ ដោយឡែក គណបក្សដែលទទួលបានសំឡេងតិចជាងបំផុត គឺគណបក្សកសិករ ដែលទទួលបានសំឡេងឆ្នោត ត្រឹមតែជាង ១ម៉ឺន ២ពាន់សំឡេងប៉ុណ្ណោះ។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ក្រោយការប្រកាសលទ្ធផលបណ្ដោះអាសន្ននេះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត មានសិទ្ធិប្តឹងតវ៉ាអំពីលទ្ធផល តាមការកំណត់នៃច្បាប់រយៈពេល ៧២ម៉ោង ទៅកាន់ គ.ជ.ប. ឬក្រុមប្រឹក្សាធម្មនុញ្ញតែម្តង។

(សំឡេង៖ លោក​ ហង្ស ពុទ្ធា ​)

ចំពោះការប្រកាសលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត ត្រូវបានគ.ជ.ប ប្រកាសថា នឹងប្រព្រឹត្តទៅនៅចន្លោះពីថ្ងៃទី៤ ខែសីហា ទៅដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

តាមការគណនាក្រៅផ្លូវការ ចំពោះលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ១២០អាសនៈ ក្នុងចំណោមអាសនរដ្ឋសភាសរុប ១២៥អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ៥អាសនៈ។ ពោលគឺគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាននៅភ្នំពេញ ១អាសនៈ, កណ្តាល ១អាសនៈ, កំពង់ធំ ១អាសនៈ, ព្រៃវែង ១អាសនៈ,និងកំពង់ចាម ១អាសនៈ ៕



Share