ការសិក្សាស្រាវជ្រាវ ដែលបានបង្ហាញលទ្ធផលនៅថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៤ ចំថ្ងៃទិវានៃក្តីស្រឡាញ់ខាងលើនេះ ធ្វើឡើងដោយលោក តុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងជាអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ។
លោក តុង សុប្រាជ្ញ លើកឡើងថា នៅក្នុងឆ្នាំ២០២៤នេះ យុវជន មានការចាប់អារម្មណ៍លើបុណ្យនៃក្ដីស្រឡាញ់ តិចជាងមុន ពាក់កណ្ដាល ដែលនាំឱ្យយុវវ័យ ដែលអាចនឹងរួមភេទ នៅថ្ងៃនៃក្តីស្រឡាញ់ ក៏មានការធ្លាក់ចុះ ៥ដង បើប្រៀបធៀបទៅនឹងការសិក្សាកាលពី ១៥ឆ្នាំមុន។
ជាមួយគ្នានេះ អ្នកសិក្សាដដែល លើកឡើងថា យុវជន ចេញក្រៅដើរលេង នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ គឺភាគច្រើន ទៅលេងផ្សារទំនើប និងទៅរោងកុន ខណៈពីមុនកន្លែង ដែលពេញនិយម សម្រាប់យុវជន នៅថ្ងៃទី១៤កុម្ភៈនេះ គឺខារ៉ាអូខេ បាក់ខែង កៀនស្វាយ កោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ។
លោក តុង សុប្រាជ្ញ៖ ( សំឡេង )
របាយការណ៍ដដែល បង្ហាញថា ការទិញវត្ថុអនុស្សាវរីយ៍កាដូ និងផ្កា សម្រាប់យុវវ័យ មានគូសង្សារ ក៏ដូចជា ការទិញផ្កា និងកាដូជូនអ្នកទីស្រឡាញ់ ឪពុកម្តាយ បងប្អូន និងមិត្តភក្តិ ជាដើម មានការកើនឡើង ដូចជា ទិញខោអាវ តុក្កតា និងគ្រឿងអលង្ការ។
ទីតាំងលក់ផ្កា នៅក្នុងរាជធានីភ្នំពេញ មានច្រើន និងលក់ដាច់ច្រើន ចាប់តាំងពីថ្ងៃទី១៣ កុម្ភៈ បន្តដល់ថ្ងៃទី១៤កុម្ភៈ ដែលជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់។
នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ថ្ងៃ១៤កុម្ភៈ ជារៀងរាល់ឆ្នាំ គឺជាប្រភេទផ្កាស្រស់ លក់ដាច់ច្រើនជាងផ្កាដទៃទៀត ស្របពេលប្រភេទកុលាបក្រហម គឺមានតម្រូវការច្រើនជាងគេបង្អស់។
របាយការណ៍ដដែល លើកឡើងថា ដើម្បីទប់ស្ដាត់លើបញ្ហា ដែលកើតមាន នៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ ថ្ងៃ១៤កុម្ភៈ គួរតែផ្តោតលើការលើកកម្ពស់វប្បធម៌ខ្មែរ ការអប់រំផ្លូវភេទ និងការអប់រំពីការប្រើប្រាស់ស្រោមអនាម័យ ជាដើម។
ជាការកត់សម្គាល់ កាលពីប៉ុន្មានឆ្នាំមុន ឱ្យតែដល់ថ្ងៃទី១៤ កុម្ភៈ យុវជនខ្មែរមួយចំនួន ជាពិសេសនៅទីប្រជុំជន ដូចជា នៅរាជធានីភ្នំពេញ ជាដើម ជ្រួលជ្រើមនឹងរឿងស្នេហាភ្លើតភ្លើនយ៉ាងខ្លាំង រហូតដល់អ្នកខ្លះ ហ៊ានលះបង់ខ្លួនប្រាណ ចំពោះសង្សារ ទើបអ្នកខ្លះ ហៅថា ជាថ្ងៃបុណ្យសង្សារ។
ភាពជ្រួលជ្រើមនោះ បង្កើតបានជាក្ដីកង្វល់យ៉ាងខ្លាំង ដល់មាតាបិតាអ្នកអាណាព្យាបាល ក៏ដូចជា អ្នកធ្វើការលើវិស័យវប្បធម៌។ ក្នុងនោះ រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ ១៤កុម្ភៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី រួមទាំងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ផង បានចេញសេចក្តីប្រកាស អំពាវនាវដាច់ដោយឡែកពីគ្នា ក្នុងបំណងទប់ស្កាត់អំពើមិនប្រក្រតី ពិសេសបើមានការរួមភេទរវាងយុវវ័យ ក៏ត្រូវតែរួមភេទដោយសុវត្ថិភាព តាមរយៈការប្រើប្រាស់ស្រោមអនាម័យ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រកាសថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ជាពិសេសយុវវ័យ បាននិយមយកថ្ងៃ ១៤កុម្ភៈ ជាទិវានៃក្តីស្រឡាញ់ និងយកថ្ងៃនេះ បង្ហាញនូវមនោសញ្ចេតនាសេចក្តីស្នេហា រហូតដល់អាចមានសកម្មភាពរួមភេទ ដែលប្រាសចាកនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរយើង និងអាចប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួនផងដែរ។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនទាំងអស់ថា មកដល់ពេលបច្ចុប្បន្ននេះ ការឆ្លងរីករាលដាលមេរោគអេដស៍ នៅកំពុងបន្តកើតមានក្នុងចំណោមក្រុមប្រជាជនគន្លឹះ ជាពិសេសក្រុមយុវជនបុរសរួមភេទជាមួយបុរស។
តាមការប៉ាន់ប្រមាណ នៅឆ្នាំ២០២៣ កន្លងមក នៅកម្ពុជា មានអ្នកផ្ទុកមេរោគអេដស៍ មានចំនួនប្រមាណ ៧៦០០០នាក់ អ្នកឆ្លងមេរោគអេដស៍ថ្មី មានប្រមាណ ១៤០០នាក់ នៅក្នុងមួយឆ្នាំ ឬប្រមាណ ៤នាក់ នៅក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មី ប្រមាណ ៤២ភាគរយ គឺជាយុវវ័យ ដែលមានអាយុពី ១៥-២៤ឆ្នាំ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍៕