លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រៅយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កម្មករកម្មការិនី ក៏ស្ថិតនៅក្នុងក្រុម ដែលទទួលបានអត្ថប្រយោជន៍ ពីកម្មវិធីនយោបាយនៃការបណ្តុះបណ្តាលនេះផងដែរ។
( សំឡេង )
លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងនូវគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះ សម្រាប់ក្រុមការងារ ទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ចំនួន ១ លាន ៥សែននាក់ យកទៅអនុវត្ត ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារ។
ការបណ្តុះបណ្តាលនេះ នឹងផ្តោតលើវិស័យចំនួន១០ មាន៣៨ មុខជំនាញ ។ វិស័យទាំង១០នោះ រួមមាន វិស័យសំណង់, អគ្គិសនី, អេឡិចត្រូនិច, បរិក្ខាក្តៅនិងត្រជាក់, មេកានិចទូទៅនិងមេកានិចរថយន្តទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិឧស្សាហកម្ម ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន ។
ក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករកាត់ដេរ នៅក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត ក៏បានបញ្ចេញប្រតិកម្ម ចំពោះអ្នកនយោបាយ នៅក្រៅប្រទេស គឺសំដៅលើលោកសមរង្ស៊ី ដែលលោកសមរង្ស៊ី បានលើកឡើងថា និក្ខេបបទថ្នាក់បណ្ឌិតរបស់លោក ហ៊ុន ម៉ាណែត ប្រហែលជាជួលបរទេស សរសេរឲ្យ។
លោក ហ៊ុន ម៉ាណែត៖ ( សំឡេង )
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក ហ៊ុន ម៉ាណែត បានប្រតិកម្មនឹងលោកសមរង្ស៊ី ដែលលោកសមរង្ស៊ី តែងតែវាយប្រហារលើគុណភាពអប់រំរបស់លោកហ៊ុនម៉ាណែត កូនប្រុសលោកហ៊ុនសែន ដែលបានរៀនចប់សាលាបណ្ឌិតយោធា នៅអាមេរិក និងរៀនចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅប្រទេសអង់គ្លេស៕