បុណ្យអុំទូក៣ថ្ងៃនៅ​ភ្នំពេញ មានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយ ជិត៥លាននាក់

Boat racing in Water Festival in Cambodia 2023 - STPM.jpg

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅរាជធានីភ្នំពេញ ឆ្នាំ២០២៣

បន្ទាប់ពីខកខានអស់រយៈពេល ៣ឆ្នាំជាប់គ្នារួចមក ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ បានបិទបញ្ចប់ហើយ ដោយមានប្រជាពលរដ្ឋ ចូលរួមកម្សាន្តសប្បាយជិត ៥លាននាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។


របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា នៅថ្ងៃទី០១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ដោយមានប្រជាពលរដ្ឋ មកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ប្រមាណ ១លាន ២សែននាក់។

ចំណែកនៅថ្ងៃទី០២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ មកកម្សាន្តសប្បាយប្រមាណ ១.៧០០.០០០នាក់។

រីឯនៅថ្ងៃទី៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ មកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រមាណ ២លាននាក់។

ចំពោះសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃនេះ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា មានភាពល្អប្រសើរ ខណៈដែលសភាពការណ៍បទល្មើសព្រហ្មទណ្ឌ ពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។

ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃនេះ ត្រូវបានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា គឺជាសមិទ្ធផលដ៏ធំមួយទៀត នៃរាជរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន ម៉ាណែត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ០៣ថ្ងៃនេះ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។

បើតាមអ្នកនាំពាក្យ ភាពអធិកអធម និងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំ ក្នុងឆ្នាំ ២០២៣នេះ មានអត្ថន័យច្រើនយ៉ាង។ ក្នុងនោះ គឺជាភស្តុតាង ដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយលោក ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និងស្ថិរភាពសង្គមនេះហើយ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស។

ភាពអធិកអធមនៃពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃនេះ ក៏ត្រូវបានលោក ប៉ែន បូណា ចាត់ទុកថា គឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជា ពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់ បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទី ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏មានភ្ញៀវទេសចរបរទេសជាច្រើន បានចូលរួមកម្សាន្តសប្បាយ ប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ ដែលនេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា មានភាពរស់រវើកឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលមកកម្សាន្តសប្បាយក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ( សំឡេង )

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ អ្នកចូលរួមកម្សាន្តសប្បាយក្នុងពិធីបុណ្យអុំទូក បានលើកឡើងពីតម្លៃសេវា និងចំណីអាហារ លក់ក្នុងពិធីបុណ្យនេះ ឡើងថ្លៃហួសហេតុ។ ក្នុងនោះ តម្លៃផ្ញើម៉ូតូ ១គ្រឿង ដែលថ្ងៃធម្មតា ត្រឹមតែ ៥០០រៀល ទៅ ១០០០រៀល ក្នុង ១គ្រឿង តែនៅថ្ងៃបុណ្យអុំទូក ឡើងដល់ ៥០០០រៀល ក្នុង ១គ្រឿង។ រីឯចំណីអាហារ បានឡើង ១ ជា ២ ឬ ១ ជា ៣។

ប៉ុន្តែអ្នកលក់ បានបកស្រាយថា ការលក់ចំណីអាហារ ឡើងថ្លៃដូច្នេះ ដោយសារតែទំនិញលើទីផ្សារ ដែលទិញយកមកលក់បន្ត បានឡើងថ្លៃដែរ៕



Share