ការប្រណាំងសេះនេះមានប្រវត្តិជាយូរលង់ណាស់មកហើយ ដែលការប្រណាំងសេះដំបូងធ្វើឡើងកាលពីឆ្នាំ ១៨៦១ ហើយការប្រណាំងសេះសម្រាប់ឆ្នាំនេះគឺជាខួបឆ្នាំទី ១៥៦ហើយ។
កាលពីអតីតកាលនៅប្រទេសអូស្ត្រាលី ការធ្វើដំណើរ និងមធ្យោបាយដឹកជញ្ជូនផ្សេងៗគឺពឹងពាក់ទៅលើសត្វសេះជាជំនួយ ហេតុដូច្នេះហើយ ការប្រណាំងសេះគឺជាវិធីមួយដើម្បីជ្រើសរើសរកសេះណាដែល ពូកែ និងរត់បានលឿនជាងគេ។
នៅក្នុងការប្រណាំងសេះនីមួយៗ ជាទូទៅគេមានរៀបចំពិធីដង្ហែក្បួន មុននឹងចាប់ផ្តើមការប្រណាំង នៅវេលាម៉ោង ៣រសៀល នៅទីវាលប្រណាំងសេះ Flemington នាទីក្រុងម៉ែលប៊ិន។ មុននឹងឈាន ទៅដល់ការប្រណាំងជាលក្ខណៈផ្លូវការនេះ គណៈកម្មាធិការរៀបចំក៏បានធ្វើការជ្រើសរើស និង ចំរាញ់យកសេះតែ២៤ តែប៉ុណ្ណោះដើម្បីមកប្រណាំងថ្ងៃនេះ។
ប្រជាពលរដ្ឋអូស្ត្រាលីក៏បានចូលរួមយ៉ាងច្រើនកុះករផងដែរ ដោយអ្នកខ្លះមានការតុបតែងខ្លួនប្លែកៗទៅតាមចំណង់ចំណូលចិត្ត ដូចជាការគូររូបផ្សេងៗលើមុខ ឬពាក់សំលៀកបំពាក់ និងគ្រឿងតុបតែងលំអរដើម្បីទៅចូលរួមមើលកម្មវិធីប្រណាំងសេះនេះ។
ជាងនេះទៅទៀត គេក៏បានបើកឲ្យ មហាជនភ្នាល់គ្នាដើម្បីចាក់យកថាតើសេះណានឹងទទួលបានជ័យជំនះ។ សេះដែលទទួលបានជ័យជំនះនឹងទទួលបានពាន ព្រមទាំងថវិការាប់លានដុល្លារថែមទៀតផង។
យុវជនខ្មែរមួយក្រុមដែលបានមកតាំងទីលំនៅនៅប្រទេសអូស្ត្រាលីចន្លោះពី ៥ ទៅ ៨ឆ្នាំ និង ស្នើសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ប្រាប់SBS ថា Melbourne Cup គឺជាការប្រណាំងសេះ ហើយពួកគេហាក់មិនសូវមានការចាប់អារម្មណ៍ប៉ុន្មានពីការប្រណាំងនេះទេ ដោយគេគ្រាន់តែបញ្ជាក់ថា នេះជាប្រពៃណីរបស់ប្រជាជនអូស្ត្រាលីតែប៉ុណ្ណោះ ហើយសម្រាប់ពួកគាត់ ដែលមានដើមកំណើតនៅកម្ពុជាគ្រាន់តែជាថ្ងៃឈប់សម្រាកមួយថ្ងៃធម្មតាតែប៉ុណ្ណោះ។
(សំឡេងរបស់ពលរដ្ឋខ្មែរនៅម៉ែលប៊ិនដែលសុំមិនបញ្ចេញឈ្មោះ)
របាយការណ៍ដោយ លោក ខឹម សារឹម៕