ក្រសួងការបរទេសកម្ពុជា ស្នើអូស្ត្រាលី ធានាកិត្តិយស និងសេចក្ដីថ្លៃថ្នូរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

Khmer community in Melbourne prepared to burn Hun Sen effigy

Khmer community in Melbourne prepared to burn Hun Sen effigies. Source: Facebook

ក្រសួងការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ជុំ សុន្ទរី បានថ្លែងថា ក្រសួងការបរទេស បានស្នើរួចហើយទៅកាន់រដ្ឋាភិបាលអូស្ត្រាលី ត្រូវធានាកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលនឹងទៅ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងអូស្ត្រាលី នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។


កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០១៨ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​​ ​ថា អាស៊ាន​ បើ​គ្មានរូបលោក​​ទេ ក៏​មិនមែន​មាន​ន័យ​ថា ​អាស៊ាន​នោះ​ដែរ ព្រោះលោក​អាច​ជំទាស់​មិន​ឲ្យ​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​រវាង​អាស៊ាន-អូស្ត្រាលី​ ចេញបាន ហើយ​បើសិនជារូបលោក មិនទៅចូលរួម​កិច្ចប្រជុំ​កំពូលពិសេស នៅប្រទេសអូស្ត្រាលី នាពាក់កណ្តាលខែមីនាខាងមុខនេះទេ គឺ​កិច្ចប្រជុំរវាង​អាស៊ាន និងអូស្ត្រាលី ក៏មិនអាច​កើតឡើងបានដែរ​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសដែរថា  អាស៊ាន និង​អូស្ត្រាលី រួមទាំងអង្គការសហប្រជាជាតិ មិនអាច​ដាក់ការ​គាប​សង្កត់​ណាមួយមក​លើរូបលោក និងរដ្ឋាភិបាល​​កម្ពុជា នៅក្នុង​កិច្ច​ប្រជុំ​អាស៊ាន​-អូស្ត្រាលី នាពេលខាងមុខនេះឡើយ​។ ផ្ទុយទៅវិញ មានតែរូបលោកទេ​ ដែល​អាច​នឹង​ធ្វើ​ឲ្យកិច្ចប្រជុំរវាង​អាស៊ាន និងអូស្ត្រាលី មិនអាចដំណើរការ​ទៅបាន​ បើសិនជា​មានបាតុកម្មតវ៉ា ឬក៏ការដាក់ការគាបសង្កត់ណាមួយមកលើរូបលោក។

លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានប្រកាស​មិន​ឲ្យបាតុករ ដុត​រូបទីងមោង តំណាងឲ្យរូបលោក។ លោកថា បើសិនជាមានអ្នកដុតរូបទីងមោង តំណាងឲ្យរូបលោក នោះលោកនឹងតាមចាប់ដល់ផ្ទះ​។

ក៏ប៉ុន្តែយ៉ាងណាក៏ដោយ នាប៉ុន្មានថ្ងៃនេះ បាតុករ​ជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី បាន​ដុតរូបទីងមោង​តំណាងរូបលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលជាការផ្កើននឹងការប្រកាសព្រមាន​របស់លោកនាយករដ្ឋមន្ត្រី​ហ៊ុនសែន។

យ៉ាងណាក៏ដោយ ជាប្រតិកម្មក្នុងជំហ៊ានដំបូងនេះ រដ្ឋាភិបាល​កម្ពុជា តាមរយៈតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេចរឹបអូសទ្រព្យសម្បត្តិរបស់លោកសមរង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលរួមមាន ដី និងអគារ ដែលជាអតីត​ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ និងផ្ទះរបស់លោកសមរង្ស៊ី ដែលស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ការ​រឹបអូស​នេះ ត្រូវបានចៅក្រម លើកឡើងថា ​ដោយសារ​តែ​លោក សម រង្ស៊ី មិន​បាន​បង់​ប្រាក់​សង​ជំងឺ​ចិត្ត​នៅ​ក្នុង​សំណុំ​រឿង ​ដែល​ប្ដឹង​ដោយ​លោក ហេង សំរិន និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសរុបជាទឹកប្រាក់ ៤២៥០ លានរៀល ស្មើនឹងជាង ១លាន ៦សែនដុល្លារអាមេរិក​។

យ៉ាងណាក៏ដោយ ជាមួយនឹងការលើកឡើងខាងលើនេះ  អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ  សុន្ទរី ក៏បានប្រកាស នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ដោយ​រំឮកសហភាពអឺរ៉ុប អំពីនយោបាយការបរទេស ដែលកម្ពុជា  កំពុងអនុវត្តជាមួយអឺរ៉ុប​។ ការលើកឡើងនេះ បន្ទាប់ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប បានចេញសេចក្ដី​សម្រេច ព្រមានកម្ពុជា ក្នុងសំណុំរឿងនយោបាយរបស់កម្ពុជា ពាក់ព័ន្ធនឹងការចាប់ឃុំខ្លួន​មេដឹកនាំគណ​បក្សប្រឆាំង លោកកឹមសុខា ព្រមទាំងរំលាយគណបក្សសង្គ្រោះជាតិ ជាដើម។​

ក៏ប៉ុន្តែ លោកជុំសុន្ទរី បញ្ជាក់ថា កម្ពុជាសង្ឃឹមថា សហភាព​អឺរ៉ុប នឹងផ្ដល់ការគោរពដល់ទំនាក់ទំនងប្រទេស​ទាំងពីរ ដើម្បីបន្តរក្សាកិច្ចសហការល្អជាមួយគ្នា។ ពោលគឺអឺរ៉ុប មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជានោះឡើយ។

គួររម្លឹកដែរថា  ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ បានចេញសេចក្ដីសម្រេច ព្រមានចាត់វិធានការមួយចំនួន មកលើកម្ពុជា ប្រសិនបើកម្ពុជា មិនព្រមធ្វើឲ្យស្ថានការណ៍នយោបាយ និងការគោរពសិទ្ធិមនុស្ស វិលទៅរកភាពល្អប្រសើឡើងវិញទេ៕

Share