ទោះជាយ៉ាងណាក៏នៅមិនទាន់មានការឆ្លើយតបជាផ្លូវការអ្វីពីសំណាក់រដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីលោក Malcolm Turnbull ក៏ដូចជា ក្រសួងការបរទេសអូស្រ្តាលី អ្នកស្រីJulie Bishopនៅឡើយនោះទេ។
ចុងក្រោយគេ នៅថ្ងៃពុធទី១៤មីនា លោក Luke Foley តំណាងរាស្រ្តបក្សលេប័រនៅ តំបន់Auburn បានថ្លែងនៅក្នុងសេចក្តីថ្លែងការផ្ទាល់របស់លោកក្នុងសភារដ្ឋញូសៅវែល ពាក់ព័ន្ធនឹងការគម្រាមកំហែងនេះថា៖ «ខ្ញុំចង់ឲ្យសហគមន៍នៅក្នុងរដ្ឋនេះដឹងថា ខ្ញុំឈរនៅជាមួយពួកគេ។ ហើយខ្ញុំចង់ឲ្យពួកគេដឹងថា ស្នងការប៉ូលិសរដ្ឋញូសៅវ៉ែល ដែលមានលោកស្នងការ Mick Fuller នឹងធានាឲ្យបានថា អ្នកដែលចូលរួមនៅក្នុងការបាតុកម្មដោយស្របច្បាប់ នឹងទទួលបាននូវការការពារទាំងស្រុងតាមផ្លូវច្បាប់»។
ជាមួយគ្នានេះ លោក តាកម៉េងហ៊ាង បេក្ខជនឈរឈ្មោះសមាជិកសភារដ្ឋវិចថូរៀ និងជាអ្នកនាំពាក្យតំណាងសហគមន៍ខ្មែរអូស្រ្តាលីដែលគ្រោងធ្វើបាតុកម្មនៅទីក្រុងស៊ីដនី ឲ្យដឹងថា៖ បាតុកម្មនៅថ្ងៃសៅរ៍ខាងមុខនេះ មួយផ្នែកគឺជាការឆ្លើយតបទៅនឹងពាក្យគម្រាមកំហែងរបស់លោកហ៊ុន សែនមកលើពលរដ្ឋខ្មែរអូស្រ្តាលី ហើយការដុតរូបទីងមោងគឺជាសិទ្ធិសេរីភាពរបស់បាតុករ។
ប៉ុន្តែលោកមិនបានបញ្ជាក់នោះទេថានឹងមានការដុតរូបទីងមោងលោក ហ៊ុន សែននៅក្នុងការធ្វើបាតុកម្មនៅក្រុងស៊ីដនីនាចុងសប្តាហ៍នេះឬអត់នោះ៕