តាមរយៈខ្លីបវិដេអូ និងលិខិត ដែលបានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក សម វឌ្ឍនា បានលើកឡើងថា ក្នុងរយៈពេលជាង ២០ឆ្នាំ នៃជីវិតនយោបាយ និងឆ្លងកាត់វ័យ ៥៩ឆ្នាំកន្លងមកនេះ លោកបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ កម្លាំងនយោបាយរឹងមាំ និងមានចក្ខុវិស័យនយោបាយវែងឆ្ងាយ ដើម្បីធានាស្ថិរភាពនយោបាយ និងធានាសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំ ក្នុងការបន្តអភិវឌ្ឍន៍សង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ របស់ប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត។
លោក សម វឌ្ឍនា ក៏បានលើកឡើងថា នាទីចុងក្រោយ ដែលធ្វើឱ្យលោក សម្រេចចិត្តសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ១០០% គឺដោយសារលោក មិនពេញចិត្តទៅនឹងមេដឹកនាំប្រឆាំងជ្រុលនិយម ដែលព្យាយាមប្រឆាំងទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងបែបរារាំងទប់ស្កាត់ក្នុងគោលបំណងបំផ្លាញផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលផលបានពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលោលោក មិនអាចទទួលយកបាន។
( សំឡេង )
ជាការឆ្លើយតប ក្នុងសារតាមតេឡេក្រាម នៅថ្ងៃទី២០ ខែមិថុនា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហាន ចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាល ក្នុងការជីកព្រែកហ្វូណន តេជោ។
សូមជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ថ្នាក់ដឹកនាំគណបក្សប្រឆាំង គណបក្សភ្លើងទៀន នៅតាមមូលដ្ឋានឃុំសង្កាត់ជាច្រើន បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំគណបក្សប្រឆាំង នៅមូលដ្ឋានឃុំសង្កាត់ ក៏បានថ្កោលទោសលោក សម រង្ស៊ី ដែលប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកមួយដ៏សំខាន់ បម្រើឱ្យផលប្រយោជន៍ជាតិផងដែរ៕