លោក ហ៊ុន សែន ប្រកាសថា លោក​នៅ​តែ​រក្សា​គម្រោង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល អាស៊ាន-អូស្ត្រាលី នៅ​ស៊ីដនី

Cambodia Prime Minister Hun Sen

Cambodia Prime Minister Hun Sen Source: Facebook

ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា លោកនៅតែរក្សាគម្រោងធ្វើដំណើរទៅកាន់ទីក្រុងស៊ីដនី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងអូស្ត្រាលី នាពាក់កណ្តាលខែមីនា ខាងមុខនេះ បើទោះបីជាមានពលរដ្ឋខ្មែរមួយចំនួន ប្រមូលផ្តុំ ធ្វើបាតុកម្ម ប្រឆាំងរូបលោកក៏ដោយ។


លោក កុយ គួង ឯកអគ្គរាជរដ្ឋ​ទូត​កម្ពុជា ប្រចាំ​ប្រទេសអូស្ត្រាលី បាន​ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នឹងអញ្ជើញទៅដល់​ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​រវាងអាស៊ាន និងអូស្ត្រាលី នៅទីក្រុង ស៊ីដនី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨​។

កាលពីពេលថ្មីៗនេះ​ មានបាតុករ​ ជាពលរដ្ឋខ្មែរមួយចំនួន នៅប្រទេសអូស្ត្រាលី​ បានប្រមូលផ្តុំធ្វើបាតុកម្ម ប្រឆាំង​នឹង​​​វត្ត​មាន​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​សែន ដែល​ក្រុម​អ្នកតវ៉ា​ ចាត់​ទុក​ថា ជា​មេ​ដឹក​នាំ​ផ្តា​ច់​ការ និង​​ធ្វើ​​ឲ្យលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដើរថយក្រោយ​។ បាតុករ​ ក៏បាន​ទាម​ទារដោះលែងលោកកឹមសុខា និងទាមទារ​ឲ្យអតីតគណបក្សសង្គ្រោះជាតិ អាចវិលត្រឡប់​ ចូល​រួមការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ២០១៨​។

ក្រុម​បាតុករ អ្នកតវ៉ា ក៏បានដុត​រូបថត និងរូបទីមោង តំណាង​ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ដែលនាំ​ឲ្យ​លោកនាយករដ្ឋមន្ត្រី ថ្លែងចំអក​ឲ្យ ដោយថា ការដុតរូបទីមោងនោះ គឺមិនត្រូវរូបលោកទេ ហើយ​បាតុករ គួរ​តែ​​ដុត និង​វាយ​​កម្ទេច​រូបនាគ​ នៅតាមវត្តអារាម ព្រោះថា ជោគជរារាសី និងបារមីរបស់លោក ស្ថិតនៅលើរូបនាគ ដោយសារតែលោក កើតឆ្នាំរោង មានពង្ស ជាសត្វនាគ​។ មុនពេលក្រុមអ្នកតវ៉ា ដុតរូបថត និងរូបទីមោង​ កាលពីប៉ុន្មានថ្ងៃមុន លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​ព្រមាន កុំ​ឲ្យធ្វើបែបនេះ ហើយលោកថា បើមាន​អ្នកតវ៉ាដុតរូបថត និងរូបទីមោង តំណាងរូបលោក នោះលោកនឹងតាមចាប់ដល់ផ្ទះ​៕

Share